Saturday, May 10, 2014

ភូមិបេង ដួងចិត្ត

- ស្បែកសម្បុរព្រឺ ឮផ្គរគ្រហឹម
រឭកណាស់ខ្ញុំ ឱះឱ! ភូមិបេង
ប្រវត្តិរឿងរ៉ាវ ដិតដៅពីក្មេង
រត់ដេញគ្នាលេង កាត់ទឹកក្នុងស្រែ ។
- ពេលល្ងាចតាមឪ ទៅដាក់បង្កៃ
ដើរកាត់ប្រឡាយ ត្រពាំងសង្កែ
ខ្វែងបៀ ទឹកហូរ ជំនោរដើមខែ
សែននឹកម្ល៉េះទេ! ព្រះម្ចាស់ថ្លៃអើយ..។
- កកោរខ្នងជ្រុង ដើមកណ្ដុរបី
មាត់ព្រែកជីកថ្មី ខ្យល់បក់រំភើយ
ម៉ែច្រៀងបំពេ ឲ្យកូនគេងកើយ
កល់ភ្លៅជាខ្នើយ ម្លប់អាកាស្យ៉ា ។
- មេឃដី ព្រៃភ្នំ ជួយចាំដួងចិត្ត
ជាតិក្រោយមានពិត សូមផ្សងសច្ចា
ជួបជុំបងប្អូន ម៉ែឪដូនតា
បានកើតរូបា នឹងភូមិបេងទៀត ។/
និពន្ធដោយៈ ផែន សុផល

No comments:

Post a Comment