Saturday, August 17, 2013

ទឹកភ្នែកមួយពាន់តំណក់

-ថ្ងៃស្អែក ថ្ងៃស្អែក ថ្ងៃទុក្ខក្រៀមក្រំ
ថ្ងៃស្អែកការមុំ បងយំអាល័យ
ស្ដាយរសជាតិស្នេហ៍ខំថែយូរថ្ងៃ
ប្រែគ្មានតម្លៃ រីងរៃឈឺផ្សា។
-សម្ដីចុងក្រោយ ឱ្យបងទឹកភ្នែក
ស្រណោះពន់ពេកដេកណែនឱរា
មិត្តភាពចិត្តស្មោះប្រែក្លាយប្រេះឆា
ស្រីលែងមេត្តាអាណិតដល់បង។
-យប់នេះ ទឹកភ្នែកបងត្រូវហូរស្រក់
មួយពាន់តំណក់ព្រោះតែនួនល្អង
ភ្លេចពាក្យសន្យាដែលយើងបានផ្សង
ធ្វើជាគូគ្រងលុះក្ស័យជីវិត។
-ភូមិដោះក្រមុំ សត្វយំមាត់អូរ
ខ្ទមស្បូវថ្ងួចថ្ងូរ នឹកស្រស់វរមិត្រ
ខានស្ដាប់វាចាសង្សារដួងចិត្ត
តែងមកនែបនិត្យ ជិតថ្ងៃរៀបលិច។/
និពន្ធដោយៈ ផែន សុផល

Saturday, August 3, 2013

ស្រណោះស្នេហ៍កុលាបជ្រៃសែន

- ថ្ងៃលិចក្រោយផ្ទះ ចាំងជះពន្លឺ
រស្មីផ្លេកភ្លឺ ពណ៌ក្រហមឆ្អិន
រុក្ខជាតិឆេះខ្លោច កំឡោចឈួលក្លិន
បងឈរសុបិន ស្រណោះក្លិនស្នេហ៍ ។
- យប់នេះ បងត្រូវយំសារជាថ្មី
ព្រោះតែរូបស្រី ផ្លាស់ចិត្តប្រួលប្រែ
ភ្លេងការល្វើយៗ កើតទុក្ខម្ល៉េះទេ!!!
ខ្ញុំយំគ្មានល្ហែ ស្ដាយគូសង្សារ ។
- ឱ! ភូមិជ្រៃសែន បងណែនទ្រូងណាស់
អូនអើយ ប្រុសខ្មាសញាតិធ្លាប់ចរចា
ផ្គូផ្គងបង្អាប់ ចាប់ជល់ស្នេហា
ខ្មាសមិត្តសាលា រៀនវិទ្យាល័យ ។
- បងយំសោកស្ដាយ នឿយណាយដួងចិត្ត
ឆ្អែតឆ្អន់ជីវិត ស្នេហ៍បរាជ័យ
មួយលើក ពីរលើក ខកចិត្តត្បិតស្រី
ចង់តែក្សិណក្ស័យ ឱ្យផុតចម្បែង ។/
និពន្ធដោយៈ ផែន សុផល

ភូមិបេងជម្រកស្នេហ៍

- នឹកដល់ភូមិបេង ភូមិកំណើតខ្ញុំ
ទីស្ថានសុខុម កាលនៅកុមារ
នឹកឪ នឹកម៉ែ កេរទ្រព្យដូនតា
នឹកអនុស្សារ ទុក្ខឥតពេលស្បើយ។
- ស្រណោះទឹកព្រែក ធ្លាប់ងូតឃ្វាលគោ
ស្រណោះម្លប់ពោធិ៍ខ្យល់រំភើយ
បឹងរាំង កកោរ ខ្នងជ្រុងកែវអើយ...
កន្លែងកៀកកើយ បងហើយនិងស្រី។
- វត្តក្រពុំឈូក បុណ្យចុះសីមា
ស្ដាប់លោកទេសនា ប្រណិប័តន៍ឃ្មាតខ្មី
តាមពុទ្ធឱវាទ មាគ៌ាប្រពៃ
ចាស់ទុំប្រុសស្រីមូលមីរជួបជុំ។
- ទោះបីឃ្លាតកាយ តែចិត្តនៅចាំ
ឃ្លាតឆ្ងាយច្រើនឆ្នាំ នឹកដល់ទ្រនំ
ភូមិបេងជម្រកស្នេហ៍ ដ៏ឧត្តម
រូបខ្ញុំក្រៀមក្រំ នឹកឥតរសាយ។/
និពន្ធដោយៈ ផែន សុផល