Friday, March 15, 2013

ស្នេហ៍រលាយអស់

- ស្រណោះខ្ទមស្លឹក បងនឹកត្រាណត្រើយ
ធ្លាប់គេងកៀកកើយ ខ្នើយមួយពីរនាក់
នាពេលរាត្រី ជំនោរខ្យល់ធ្លាក់
សន្សើមត្រជាក់ ស្ដាប់ពព្លាក់យំ ។
- ខ្លែងស្រាកបន្លឺ គ្រលួចថ្ងួចថ្ងូរ
សម្លេងទឹកហូរ អាសូររូបខ្ញុំ
ព្រាត់ស្នេហ៍ព្រោះម្ដាយ យល់ប្រាក់ជាធំ
បំបែកមាសមុំ ឱ្យឆ្ងាយពីបង ។
- ឱ! ស្រុកអូររាំង ដឹងរឿងប្រាកដ
កវីក្រខ្សត់ ថែមអត់យសផង
ត្រឹមគ្រូបង្រៀន តូចតាចកន្លង
មិនអាចនួនល្អង រស់ថ្កុំថ្កើងបាន ។
- ទឹកភ្នែកខ្ញុំអើយ ស្រក់ហូរឥតល្ហែ
នឹកឃើញយប់ខែ បងនិងកល្យាណ
អង្គុយមើលចន្ទ កើតចិត្តសុខសាន្ដ
ស្នេហ៍វង្វេងឋាន បានរលាយអស់...!!!
និពន្ធដោយៈ ផែន សុផល