Monday, October 28, 2013

រាត្រី បងព្រួយ

-រាត្រី ត្រជាក់ ខ្យល់ធ្លាក់ផាត់មុង
ងងឹតសូន្យសុង ពុំមានរស្មី
មានតែតារា រះនៅសែនឆ្ងាយ
ព្រិចៗរាយប៉ាយ លើផ្ទៃមេឃា។
-អង្គុយម្នាក់ឯង រែងសោកស្រណោះ
ងើយមើលមេឃខ្ពស់ នឹកស្រស់ពុំងា
ស្ដាប់សត្វក្បែរខ្ទម យំឆ្លើយឆ្លងគ្នា
ចំអកនិន្ទា រឿងរ៉ាវស្នេហ៍បង។
-ឱ! រាត្រីអើយ ប្រុសព្រួយគ្មានល្ហែ
ខ្លាចតែក្ដីស្នេហ៍ មិនដូចបំណង
ខ្លាចដល់ថ្ងៃមួយ អូនចាកចោលបង
ខ្លាចស្នេហាឆ្លង វេហាមិនបាន។
-

ជីវិតអស់ន័យ

-ផែនដីវិលវល់ អូនកល់គំនិត
ប្រុសបងបែកចិត្ត ពុំអាណិតស្រី
ឱ្យអូនក្អួតឈាម ក្រំក្រៀមរាល់ថ្ងៃ
រៀបការគូថ្មី ចោលស្រីទៅហើយ។
-បងអើយ អើយបង អូនទួញសោកយំ
ទុក្ខធំជាងភ្នំ គ្មានអ្នកដឹងឡើយ
សេចក្ដីស្នេហា នឹកថាដល់ត្រើយ
បានរស់កៀកកើយ ក្បែរទ្រូងវរមិត្រ។
-បំណងពេលនេះ ត្រូវរលាយអស់
ប្រែប្រួល ព្រោះប្រុស ចិត្តខ្មៅ ងងឹត
យល់ន័យស្នេហ៍ដែរ តែមិនយល់ចិត្ត
ស៊ូក្ស័យជីវិត ស្នេហ៍ពិត ភក្ដី។
-លាហើយ ព្រៃវែង ស្រីលែងមានកម្ម
លាអ្នកមានគុណ ធ្ងន់លើសផែនដី
លាមិត្ត លាញាតិ ឃ្លាតពុំវិលកាយ
ជីវិតអស់ន័យ ដោយសារ ប្រុសក្បត់។/
និពន្ធដោយៈ ផែន សុផល

រាត្រី អូនយំ

-យប់យន់សែនស្ងាត់ ចន្ទអ័ព្ទរស្មី
ប្រៀបបានដូចស្រី អ័ព្ទព្រាត់ក្ដីស្នេហ៍
ឆាកល្ខោនស្នេហា ក្បត់ចិត្តប្រួលប្រែ
ទុក្ខព្រួយឥតល្ហែ ឈឺផ្សាកន្លង។
-ដួងចិត្តអូនស្មោះ តែប្រុសវរមិត្រ
ក្នុងមួយជីវិត មិនគិតសៅហ្មង
ឱ្យតែបានរស់ក្បែរទ្រូងនួនល្អង
បងអើយ អើយបង នេះបំណងស្រី។
-អូនខុសរឿងអ្វី? ប្រុសថ្លៃចោលស្នេហ៍
ស្រណោះយប់ខែ ចន្ទពេញបូណ៌មី
បងធ្លាប់ប្រាប់អូន ថាកុំឱ្យភ័យ
មិនប្រែដោះដៃ ចោលផ្កាក្រពុំ។
-យប់នេះ អូនយំ យំមួយរាត្រី
ឆ្អែតនឹងសម្ដី វិប្បយោគស្នេហ៍ខ្ញុំ
ទឹកភ្នែកអូនហូរ ជន់ជោរក្ដៅងំ
លាស្នេហ៍ក្រៀមក្រំ ព្រោះប្រុសចិត្តក្បត់។/
និពន្ធដោយៈ ផែន សុផល

Saturday, October 26, 2013

ឃ្លាតកាយអាល័យស្រុក

-ខ្ញុំសែនរឭក នឹកស្រុកកន្លង
ឃ្លាតកាយមកចង ចិត្តលើដីថ្មី
នឹកម៉ែ នឹកពុក បងប្អូនប្រុសស្រី
ចាកចោលទឹកដី ជាងដប់ឆ្នាំហើយ។
-នឹកណាស់ ព្រះអើយ នឹកអស់ភូមិរ៉ា
មិនដឹងឆ្នាំណា? បានជួបវិញឡើយ
ពេលនេះ ខ្លួនឃ្លាត គ្មានទីកោះត្រើយ
អនិច្ចា! ខ្លួនអើយ រងទុក្ខសៅហ្មង។
-ប៉ុន្មានឆ្នាំនេះ មិនអាចទៅវិញ!
ចិត្តសែនទោម្នេញ ដូចគេចាប់ចង
អូររាំង ភូមិបេង រែងឆ្ងាយកន្លង
ខ្ញុំមានបំណង ចង់ជួបតែអ្នក។
-នឹកណាស់ នឹកណាស់ នឹកស្រែចម្ការ
នឹកគោឆ្កែឆ្មាធ្លាប់វាយទាត់ធាក់
នឹកពាក្យសម្ដី ឥតក្ដីថ្នមថ្នាក់
នឹកគ្រប់មិត្តភ័ក្តិ រៀនវិទ្យាល័យ។
-នឹកតូប នឹកតុ នឹកគ្រូអាចារ្យ
ពេលនឹកម្ដងណា ខ្ញុំតែងស្រមៃ
នឹកមិត្តសម្លាញ់ ធ្លាប់រួមប្រាស្រ័យ
មិនដឹងនិស្ស័យ ពួកគេយ៉ាងណា? ។
-ក្នុងចំណោមមិត្ត អភ័ព្វតែខ្ញុំ
រស់ក្នុងសង្គម ពុំសូវថ្លៃថ្លា
ត្រឹមគ្រូបង្រៀន មធ្យមសិក្សា
មិនដឹងឆ្នាំណា? រស់បានប្រពៃ។
-និយាយប្រាក់ខែ តិចតួចស្ដួចណាស់
នេះខ្ញុំគិតច្បាស់ អត់ជក់បារី
មិនសេពគ្រឿងញៀន បនល្បែងស្រាស្រី
ខ្ញុំរស់ទាំងក្ដី វេទនាចិន្ដា។
-ជីវិតរាល់ថ្ងៃ រស់ចាំទន្ទឹង
រស់គ្មានទីពឹង សែនខ្លោចឱរា
កុំតែមានចិត្តមនសិការ
ដល់ជោគវាសនា កូនខ្មែរប្រុសស្រី។
-ពេលនេះ ឃ្លាតកាយអាល័យនឹកស្រុក
សង្ឃឹមថ្ងៃមុខ ជួបអ្នកជាថ្មី
ឱះឱ! ភូមិបេង កំណើតកវី
ទឹកដីឧត្តម កាលវ័យកុមារ។/
និពន្ធដោយៈ ផែន សុផល

Wednesday, October 23, 2013

បំភ្លេចមិនបាន

-អត់ប្រាក់! បងអាចឃាត់ចិត្តចាយបាន
តែអត់កល្យាណ ឃាត់មិនបានទេ
ដែលប្រុសបងស្នេហ៍ ស្មើនឹងសង្ខារ។
-សំនៀងអូនច្រៀង បំពេរបងគេង
ទំនុកគ្មានភ្លេង ផ្ញើតាមវាតា
ពីរោះរងំ សណ្ដំចិន្ដា
មនោរម្យម្ល៉េះណា..ខ្ទមស្បូវក្នុងស្រែ។
-ទោះរូបកាយពៅ នៅឆ្ងាយប្រុសបង
ដួងចិត្តចំណង ហាក់ដូចនៅក្បែរ
មិនថាព្រឹកថ្ងៃ រាត្រីផងដែរ
សុខទុក្ខទាំងទ្វេ ឆ្លើយឆ្លងប្រាប់គ្នា។
-រៀមតែងសញ្ជឹង រង់ចាំជានិច្ច
មិនអាចបំភ្លេច ស្រស់កែវពុំងា
ស្រលាញ់អូនម្នាក់ ស្មោះស្ម័គ្រគ្រប់គ្រា
រក្សាឈ្មោះជា ប្រុសចិត្តបរិសុទ្ធ។/
និពន្ធដោយៈ ផែន សុផល

Sunday, October 20, 2013

សំណើចចំអក សត្វមៀម

-យប់ដប់ប្រាំកើត ចន្ទអើតប៉ប្រិម
រះឆ្ងាយសន្លឹម នៅលើមេឃា
តារាព្រោងព្រាត ប្រជ្រៀតគ្នីគ្នា
ចាំងផ្ទៃគង្គា សោភាម្ល៉េះទេ!។
-ខ្ញុំឈរលើស្ពាន អត់ហ៊ានមាត់ឮ
ស្ដាប់សត្វមៀមឌឺ ថ្លែងរឿងមាសមេ
ថាស្រីមានថ្មី មិនស្ម័គ្រឡើយស្នេហ៍
ត្បិតប្រុសក្រល្ហែ រហាមជីវិត។
-នែ៎! មៀមចង្រៃ សម្ដីគម្រក់
អ្នកឯងអាក្រក់ ស៊កថ្លែងមិនពិត
នាងស្រលាញ់ខ្ញុំ ឥតប្រែប្រួលចិត្ត
ស្បថស្បែរួបរឹត ប្ដូរផ្ដាច់សង្ខារ។
-បើក្ដីស្នេហ៍យើង ដូចមៀមពោលនោះ
រៀមមិនយកទោស ឬខឹងជីវា
មានតែចងដៃ ជូនពរសង្សារ
មង្គលក្រោយការ ដរាបរៀងអើយ...។/
និពន្ធដោយៈ ផែន សុផល

Thursday, October 17, 2013

តាកែវ មាត់ស្ទឹងស្នេហា

-តាកែវ តាកែវ មាត់ស្ទឹងស្នេហា
ក្រោមដួងចន្ទ្រថ្លា តារារះឆ្ងាយ
ឯធាតុអាកាស ស្រឡះរីករាយ
ជំនោរពីអាយ សាយក្លិនបទុម។
-អូនកើយភ្លៅបង លើបង់មាត់ស្ទឹង
ហត្ថាព្រលឹង ប្រលោមបីបម
នាសាផ្ដេកផ្តិត ស្រូបក្លិនថ្ពាល់មុំ
សម្ដីប្រុសសុំ សេចក្ដីស្នេហ៍ពិត។
-បួនឆ្នាំ បងផ្ដាំ រៀនចប់បរិញ្ញា!
នឹងឱ្យមេបា ចូលស្ដីវរមិត្រ
អូនអររំជើប រំភើបក្នុងចិត្ត
រួមរស់កៀកកិត នែបនិត្យមេត្រី។
-បងអើយ...បើបាន ស្គាល់ប្រាណនួនល្អង
សូមកុំបែរខ្នង ដោះដៃចោលស្រី
អូនស៊ូលំបាក រង់ចាំថ្លើមថ្លៃ
បំពេញនិស្ស័យ ជាគូជីវិត...។/
និពន្ធដោយៈ ផែន សុផល

កញ្ជនី បណ្ដូលចិត្ត

-ឱ! កញ្ជនី...បណ្ដូលចិត្ត បងអើយ!
ច្រើនឆ្នាំទៅហើយ ដែលឃ្លាតឆ្ងាយស្រី
សុខទុក្ខម្ដេចម្ដា? ចុះកូនក្នុងផ្ទៃ
ប្រសូតហើយហី ធំធាត់ប៉ុនណា? ។
-បងព្រាត់ពីអូន ព្រោះខ្លួនក្រទ្រព្យ
យសស័ក្ដិមកផ្គាប់ ចិត្តម្ដាយជីវា
ណាមួយ បងគ្មានញាតិមិត្តគ្រួសារ
តែលតោលវាសនា ឯកាជីវិត។
-អូននឹកឃើញទេ ស្នេហ៍ក្បែរមាត់បឹង
បីបមព្រលឹង ប្រលោមនែបនិត្យ
រួមរ័ក្សស្នេហា ពេលមេឃងងឹត
សម្រស់ដួងចិត្ត រឹតមានរស្មី។
-សែននឹកអូនណាស់ កញ្ជនី មាសបង
រាល់ថ្ងៃកួចផ្សង ជួបភក្ត្រជាថ្មី
ចង់ឃើញតំណក់ឈាមរួមនិស្ស័យ
ចម្រើនពេញវ័យ ដូចបងដែរទេ? ។/
និពន្ធដោយៈ ផែន សុផល

បុប្ផា នៃភូមិតាតឹម

-ឱបដៃមាត់ទឹក ឈរភ្លឹកញញឹម
លួចនឹកសង្ឃឹម ជួបស្នេហ៍ថ្មោងថ្មី
បុប្ផាមួយទង ចងចិត្តកវី
បុណ្យព្រេងនិស្ស័យ បានស្គាល់ជីវា។
-ឱ! ភូមិតាតឹម ខ្ញុំចាំមិនភ្លេច
ចាំជាប់ជានិច្ច នៅក្នុងចិន្ដា
មាណវីស្រុកស្រែ គួរឱ្យស្នេហា
ឫកពារកិរិយា សែនសមល្អគន់។
-ខ្យល់អើយ..នាំផ្លូវ បក់ទៅប្រាប់ស្រី
ពាក្យពេចន៍កវី ឱ្យថ្លៃដឹងមុន
ថាប្រុសស្ម័គ្រស្មោះ ឥតមានទ្រព្យធន
គាប់ចិត្តតូចតន់ ទេណានួនល្អង។
-ក្នុងមួយជាតិនេះ រៀមទើបតែយល់
អ្វីដែលស្រីផ្ដល់ ចំពោះរូបបង
ក្ដីស្នេហ៍បរិសុទ្ធ ចេញពីដើមទ្រូង
ភាសាបេះដូង ឱ្យបងស្លាប់ចិត្ត...។/
និពន្ធដោយៈ ផែន សុផល

សំណោកចិត្តអតីតស្នេហ៍

-ដល់ភូមិកំពង់ ខ្ញុំសំណោកចិត្ត!
នឹកស្នេហ៍អតីត កាលវិទ្យាល័យ
រៀនថ្នាក់រួមគ្នា អង្គុយជិតស្រី
ពាក្យពេចន៍មានន័យ ច្រើនរាប់មិនអស់។
-ជ្រោះផ្អោកទឹកធ្លាក់ ជើងភ្នំបាយ៉ង់
ភូមិត្រពាំងស្រង់ ពោធិ៍រោង គោកខ្ពស់
ភូមិត្រើយទន្លាប់ ទើបជាប់មានឈ្មោះ
ទេសភាពល្អស្រស់ ស្រែស្រូវភោក្ដា។
-ជំនោរប៉ើយៗ ល្ហៀកល្ហើយមាត់បឹង
ឈរគន់សញ្ជឹង សម្លឹងជលសារ
សម្លេងខ្លងខែក ជ្រែកណែនសោតា
ស្រណោះសង្សារ ជាងដប់ឆ្នាំប្លាយ។
-ឱ! អូន កញ្ជនី នារីអភ័ព្វ
មិនគួរឡើយស្លាប់ ទៅទាំងក្មេងខ្ចី
ព្រោះតែស្ងួនស្មោះ ជាកល្យាណី
សម្រេចចិត្តខ្លី ក្ស័យដើម្បីបង..។/
និពន្ធដោយៈ ផែន សុផល

ចិត្តបងសង្វេគ

-ចិត្តអើយ..ពីមុន ទោះទុក្ខប៉ុនណា!
មិនចេះសោកា នឹកថាសង្វេគ
តែឥឡូវនេះ ចិត្តប្រេះស្រាំបែក
ព្រោះស្នេហ៍រហែក ចែកផ្លូវផ្សេងគ្នា។
-អង្រឹងធ្លាប់គេង អូនលែងស្រណោះ
សន្យាស្ម័គ្រស្មោះ ផ្ដោះផ្ដងសន្ទនា
ស្រីកើយភ្លៅបង គយគន់ចន្ទ្រា
ក្បែរខ្ទមជរា រមនាសុខសាន្ដ។
-ខ្លែងស្រាកស្រែកយំ មុំភ័យមើលបង
ឆ្កែលូឆ្លើយឆ្លង នួនល្អងព្រឺប្រាណ
រៀមយកដៃឱប ក្រសោបកល្យាណ
ឆាកល្ខោនឥតដាន ស្មានមិនប្រួលប្រែ។
-អូនភ្លេចសន្យា ថែមមានគូថ្មី
ចោលប្រុសកវី ដែលស្រីធ្លាប់ស្នេហ៍
តើពាក្យបរិសុទ្ធ នៅឯណាដែរ?
ឬមួយមាសមេ ភ្លេចអស់ទៅហើយ...។/
និពន្ធដោយៈ ផែន សុផល

ជាប់ចិត្តក្រុងសែនមនោរម្យ

-ចុះពីរថយន្ដ គយគន់ទេសភាព
ក្រោមថ្ងៃទន់ទាប រៀបអស្ដង្គត់
រស្មីចាំងច្រាល ផ្ដើមសាយរលត់
អារម្មណ៍ស្រយុត រែងស្លុតចិន្ដា។
-ក្រុងសែនមនោរម្យ វាលធំអន្លាយ
មើលទៅរីករាយ ស្បើយពីទុក្ខា
វាលស្មៅខៀវខ្ចី ព្រឹក្សព្រៃពណ៌ផ្កា
ជ្រលងបព្វតា ស្រណោះពេកក្រៃ។
-វង្វង់គោព្រៃ ស្គាល់កែវវរមិត្រ
កវីចាប់ចិត្ត ជាប់ស្អិតនិស្ស័យ
កុលាបសែនស្រស់ ទើបតែពេញវ័យ
បង្ហាញរូបកាយ ក្បែរសាលារៀន។
-បើមានព្រេងបុណ្យ កុសលពិតនោះ
សូមជួយសន្ដោស ប្រោសព្រំប្រទាន
ឱ្យបានជួបស្រី ជាគូឆ្លងស្ពាន
ឆ្ពោះទៅវិមាន សុខសាន្ដរៀងអើយ..។/
និពន្ធដោយៈ ផែន សុផល

Tuesday, October 15, 2013

អក្ខរាចារតាមស្លាបមាន់

- ផ្ទៃមេឃស្ងប់ខ្យល់ រចល់ក្ដៅស្អុះ
ពពកខ្មៅដុះ ដេរដាសវេហា
ម្រឹគីម្រឹគា នាំគ្នាយាត្រា
ពីព្រៃព្រឹក្សា ស្វែងរកចំណី។
- ចំណែករូបខ្ញុំ ខុសពីសព្វសត្វ
អង្គុយស្ងៀមស្ងាត់ ចងក្រងសម្ដី
រើសស្លាបមាន់ជ្រុះដែលធ្លាក់លើដី
ចារទំនុកថ្មីផ្ញើស្រីសំណព្វ។
- ចារមួយចំអែត បណ្ដែតតាមទឹក
ស្នេហ៍បងព្រួយនឹកគ្មានថ្ងៃប្រែស្អប់
បងរង់ចាំស្ងួន អូនវិលត្រឡប់
និពន្ធបញ្ចប់ ប្រលោមលោកស្នេហ៍។
- ឱ! ស្លាបមាន់អើយ កុំឡើយកឿងកល់
ដល់ដៃនិមល ទើបចិត្តបងល្ហែ
បើមែកឈើស្កាត់ អ្នកត្រូវត្អូញត្អែរ
ប្រាប់ថាក្ដីស្នេហ៍ កវីធំធេង...។/
និពន្ធដោយៈ ផែន សុផល

Monday, October 14, 2013

ប្រាំឆ្នាំឃ្លាតស្នេហ៍

- សាលក្រមដីកា ជាប់គុកប្រាំឆ្នាំ
នេះគឺជាកម្មពៀរបងទេស្រី!
ពីថ្ងៃនេះទៅ ខានឃើញភក្ត្រថ្លៃ
លែងបានស្រដីនឹងស្រីទៀតហើយ។
- មានតែដួងចន្ទ នៅលើមេឃា
ដឹងពីវេរា បងណាត្រាណត្រើយ
បេះដូងសម្ងាត់ ពិបាកឆ្លងឆ្លើយ
ពៅព្រលឹងអើយ...ទ្រូងបងចម្បែង។
- យប់ហ្នឹង បងដឹងថាកែវវមិត្រ
នាងគិតដល់បង សៅហ្មងម្នាក់ឯង
ថែមទាំងមុងភួយ ខ្នើយគងបន្លែង
រាត្រីអូនគេងព្រួយព្រោះនឹកបង។
- រៀមចង់ប្រាប់ស្ងួនពីដួងហឫទ័យ
ថាចិត្ត ស្នេហ៍ស្រី ពេកក្រៃកន្លង
ខ្លាចពៅនាងខឹង លែងស្ដីរកបង
ស៊ូលេបបំណង លាក់ក្នុងឱរា។/
និពន្ធដោយ:  ផែន សុផល

Thursday, September 26, 2013

រឭកនួនល្អង

- ផ្គរលាន់គគ្រឹម គ្រហ៊ឹមខ្យល់ខ្លាំង
ផ្លេកបន្ទោរចាំង ស្នូរផាំងញ័រដី
គ្រាប់ភ្លៀងធ្លាក់ខ្ជោក ដាបចុងឫស្សី
ពព្លាក់យំភ័យ ហើរចោលទ្រនំ។
- កូនខ្ទមប្រក់ស្បូវ ដេកនៅម្នាក់ឯង
កើតទុក្ខចម្បែង ចិត្តរែងក្រៀមក្រំ
ដៃឱបដើមទ្រូង បេះដូងរណ្ដំ
ព្រួយបងប៉ុនភ្នំ សែនធំល្វឹងល្វើយ។
- រាត្រីងងឹត បងគិតច្រើនដង
រឭកនួនល្អង ធ្លាប់គេងរួមខ្នើយ
ផ្ដោះផ្ដងសម្ដី ស្នេហាកៀកកើយ
ព្យុះស្នេហ៍ឆ្លងត្រើយ ដល់ឋានសួគ៌ា។
- សំណោកជីវិត រឿងពិតកវី
និរាសព្រាត់ស្រី ព្រោះកម្មផ្ដន្ទា
ម្ដាយអូនបំបែក ខ័ណ្ឌចែកផ្លូវគ្នា
ឱ្យពៅពុំងា រៀបការចោលបង។/
និពន្ធដោយៈ ផែន សុផល

Tuesday, September 17, 2013

បេះដូងឈឺផ្សា

-ខ្យល់បក់វូៗ យោលយោគមែកជ្រៃ
ពពូលយំភ័យ ហើរចោលទ្រនំ
ផ្ទៃមេឃស្រឡះ ច័ន្ទរះពេញវង់
អនិច្ចា អើយ ខ្ញុំ ទុក្ខធំព្រោះស្នេហ៍។
-អង្គុយម្នាក់ឯង ចិត្តរែងក្រៀមក្រោះ
កើតក្ដីស្រណោះ ស្រណោកម្ល៉េះទេ!!
ស្ដាយវ័យក្រមុំ ខំរក្សាថែ
លួចក្បត់ឪម៉ែ ចាកប្រពៃណី។
-ស្បថស្បែរយដង បងពោលមុខអូន
ភក្ដីនឹមនួន លុះសូន្យជីវី
អាណិតស្រលាញ់គិតគ្រប់នាទី
ប្រុសឆោមឆវីគូព្រេងវាសនា។
-ម្ដេចឡើយពេលនេះ ស្នេហ៍ប្រែជូរចត់
ពាក្យពេចន៍សម្បថឱ្យអូនឈឺផ្សា
បងមានអ្នកថ្មី បំភ្លេចសន្យា
បេះដូងឯកា លើស្នេហាកម្ម។/
និពន្ធដោយៈ ផែន សុផល

Sunday, September 1, 2013

ជីវិតអស់ន័យ

-ផែនដីវិលវល់ អូនពុលគំនិត
ប្រុសបងបែកចិត្តគ្មានអាណិតស្រី
ឱ្យអូនក្អួតឈាមក្រំក្រៀមរាល់ថ្ងៃ
រៀបការគូថ្មី ចោលស្រីទៅហើយ។
-បងអើយ អើយបង អូនទួញសោកយំ
ទុក្ខពូនជាភ្នំ គ្មានអ្នកដឹងឡើយ
សេចក្ដីស្នេហា នឹកថាដល់ត្រើយ
បានរស់កៀកកើយក្បែរទ្រូងវរមិត្រ។
-បំណងពេលនេះ ត្រូវរលាយអស់
ប្រែប្រួលព្រោះប្រុសចិត្តខ្មៅងងឹត
យល់ន័យស្នេហ៍ដែរ តែមិនយល់ចិត្ត
ស៊ូក្ស័យជីវិត ស្នេហ៍ពិតភក្ដី។
-លាហើយ ព្រៃវែង ស្រីលែងមានកម្ម
លាអ្នកមានគុណ ធ្ងន់លើសផែនដី
លាមិត្ត លាញាតិ ឃ្លាតពុំវិលកាយ
ជីវិតអស់ន័យ ដោយសារប្រុសក្បត់។/
និពន្ធដោយៈ ផែន សុផល

Saturday, August 17, 2013

ទឹកភ្នែកមួយពាន់តំណក់

-ថ្ងៃស្អែក ថ្ងៃស្អែក ថ្ងៃទុក្ខក្រៀមក្រំ
ថ្ងៃស្អែកការមុំ បងយំអាល័យ
ស្ដាយរសជាតិស្នេហ៍ខំថែយូរថ្ងៃ
ប្រែគ្មានតម្លៃ រីងរៃឈឺផ្សា។
-សម្ដីចុងក្រោយ ឱ្យបងទឹកភ្នែក
ស្រណោះពន់ពេកដេកណែនឱរា
មិត្តភាពចិត្តស្មោះប្រែក្លាយប្រេះឆា
ស្រីលែងមេត្តាអាណិតដល់បង។
-យប់នេះ ទឹកភ្នែកបងត្រូវហូរស្រក់
មួយពាន់តំណក់ព្រោះតែនួនល្អង
ភ្លេចពាក្យសន្យាដែលយើងបានផ្សង
ធ្វើជាគូគ្រងលុះក្ស័យជីវិត។
-ភូមិដោះក្រមុំ សត្វយំមាត់អូរ
ខ្ទមស្បូវថ្ងួចថ្ងូរ នឹកស្រស់វរមិត្រ
ខានស្ដាប់វាចាសង្សារដួងចិត្ត
តែងមកនែបនិត្យ ជិតថ្ងៃរៀបលិច។/
និពន្ធដោយៈ ផែន សុផល

Saturday, August 3, 2013

ស្រណោះស្នេហ៍កុលាបជ្រៃសែន

- ថ្ងៃលិចក្រោយផ្ទះ ចាំងជះពន្លឺ
រស្មីផ្លេកភ្លឺ ពណ៌ក្រហមឆ្អិន
រុក្ខជាតិឆេះខ្លោច កំឡោចឈួលក្លិន
បងឈរសុបិន ស្រណោះក្លិនស្នេហ៍ ។
- យប់នេះ បងត្រូវយំសារជាថ្មី
ព្រោះតែរូបស្រី ផ្លាស់ចិត្តប្រួលប្រែ
ភ្លេងការល្វើយៗ កើតទុក្ខម្ល៉េះទេ!!!
ខ្ញុំយំគ្មានល្ហែ ស្ដាយគូសង្សារ ។
- ឱ! ភូមិជ្រៃសែន បងណែនទ្រូងណាស់
អូនអើយ ប្រុសខ្មាសញាតិធ្លាប់ចរចា
ផ្គូផ្គងបង្អាប់ ចាប់ជល់ស្នេហា
ខ្មាសមិត្តសាលា រៀនវិទ្យាល័យ ។
- បងយំសោកស្ដាយ នឿយណាយដួងចិត្ត
ឆ្អែតឆ្អន់ជីវិត ស្នេហ៍បរាជ័យ
មួយលើក ពីរលើក ខកចិត្តត្បិតស្រី
ចង់តែក្សិណក្ស័យ ឱ្យផុតចម្បែង ។/
និពន្ធដោយៈ ផែន សុផល

ភូមិបេងជម្រកស្នេហ៍

- នឹកដល់ភូមិបេង ភូមិកំណើតខ្ញុំ
ទីស្ថានសុខុម កាលនៅកុមារ
នឹកឪ នឹកម៉ែ កេរទ្រព្យដូនតា
នឹកអនុស្សារ ទុក្ខឥតពេលស្បើយ។
- ស្រណោះទឹកព្រែក ធ្លាប់ងូតឃ្វាលគោ
ស្រណោះម្លប់ពោធិ៍ខ្យល់រំភើយ
បឹងរាំង កកោរ ខ្នងជ្រុងកែវអើយ...
កន្លែងកៀកកើយ បងហើយនិងស្រី។
- វត្តក្រពុំឈូក បុណ្យចុះសីមា
ស្ដាប់លោកទេសនា ប្រណិប័តន៍ឃ្មាតខ្មី
តាមពុទ្ធឱវាទ មាគ៌ាប្រពៃ
ចាស់ទុំប្រុសស្រីមូលមីរជួបជុំ។
- ទោះបីឃ្លាតកាយ តែចិត្តនៅចាំ
ឃ្លាតឆ្ងាយច្រើនឆ្នាំ នឹកដល់ទ្រនំ
ភូមិបេងជម្រកស្នេហ៍ ដ៏ឧត្តម
រូបខ្ញុំក្រៀមក្រំ នឹកឥតរសាយ។/
និពន្ធដោយៈ ផែន សុផល

Friday, March 15, 2013

ស្នេហ៍រលាយអស់

- ស្រណោះខ្ទមស្លឹក បងនឹកត្រាណត្រើយ
ធ្លាប់គេងកៀកកើយ ខ្នើយមួយពីរនាក់
នាពេលរាត្រី ជំនោរខ្យល់ធ្លាក់
សន្សើមត្រជាក់ ស្ដាប់ពព្លាក់យំ ។
- ខ្លែងស្រាកបន្លឺ គ្រលួចថ្ងួចថ្ងូរ
សម្លេងទឹកហូរ អាសូររូបខ្ញុំ
ព្រាត់ស្នេហ៍ព្រោះម្ដាយ យល់ប្រាក់ជាធំ
បំបែកមាសមុំ ឱ្យឆ្ងាយពីបង ។
- ឱ! ស្រុកអូររាំង ដឹងរឿងប្រាកដ
កវីក្រខ្សត់ ថែមអត់យសផង
ត្រឹមគ្រូបង្រៀន តូចតាចកន្លង
មិនអាចនួនល្អង រស់ថ្កុំថ្កើងបាន ។
- ទឹកភ្នែកខ្ញុំអើយ ស្រក់ហូរឥតល្ហែ
នឹកឃើញយប់ខែ បងនិងកល្យាណ
អង្គុយមើលចន្ទ កើតចិត្តសុខសាន្ដ
ស្នេហ៍វង្វេងឋាន បានរលាយអស់...!!!
និពន្ធដោយៈ ផែន សុផល